ព័ត៌មាន

ភ្លើង​ឆេះ​ព្រៃ​តំបន់​អភិរក្ស​ទេសភាព​ធម្មជាតិ​ នៅ​ជើងភ្នំ​ព្រះនេត្រព្រះ

2019-08-28 13:00:57

បន្ទាយមានជ័យ៖ អ្នកភូមិ សមត្ថកិច្ច ព្រះសង្ឃនាំគ្នាភ្ញាក់ផ្អើលទាំងយប់ ខណៈដែលមានករណីភ្លើងឆេះព្រៃ មិនដឹងមូលហេតុនៅតំបន់ព្រៃឈើអភិរក្សទេសភាពធម្មជាតិ នៅជើងភ្នំព្រះនេត្រព្រះ ដែលបម្រុងរាលដាលឆេះវត្តលោកមួយកន្លែងនៅលើភ្នំព្រះនេត្រព្រះ ។ ប៉ុន្តែភ្លើងឆេះព្រៃត្រូវ បានប្រជាពលរដ្ឋ ព្រះសង្ឃនិងសមត្ថកិច្ចរួមគ្នាបានទប់ស្កាត់ទាន់ពេលវេលាមិនរាលដាលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ នៅក្នុងតំបន់នោះឡើយ គ្រាន់តែព្រៃឈើប្រហែលជិត១ហិកតាដែលព្រះសង្ឃអភិរក្សរក្សាការពារទុកជាជម្រកព្រៃឈើ បានរងការឆាប់ឆេះអស់។ហេតុការណ៍ភ្លើងឆេះព្រៃបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជើងភ្នំព្រះនេត្រព្រះផ្នែកខាងត្បូងស្ថិតក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមសេចក្តីរាយការណ៍ពី កម្លាំងនគរបាលស្រុកព្រះនេត្រព្រះដែលចេញជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃឱ្យដឹងថា ភ្លើងឆេះព្រៃនោះចាប់ផ្តើមឆេះពីចំហៀងខាងត្បូងភ្នំផ្នែកខាងលិច ។ លោក ឃូ ពៅ អភិបាល និងលោកអធិការនគរបាលស្រុកព្រះនេត្រ លោក មាស ប្ញទ្ធី បានដឹកនាំកម្លាំងនិងរថយន្តទឹក១គ្រឿងសហការជាមួយប្រជាពលរដ្ឋនិងព្រះសង្ឃចំណាយពេលវេលា២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍នោះបាន។ ភ្លើងឆេះព្រៃនោះត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល។

បើតាមសេចក្តីរាយការណ៍ពី កម្លាំងនគរបាលស្រុព្រះនេត្រព្រះ ប្រាប់ឱ្យដឹងទៀតថា ភ្លើងឆេះព្រៃត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមបង្កឡើងដោយភ្លើងបារីរបស់ប្រជាពលរដ្ឋដែលធ្វើចំការនៅក្នុងតំបន់នោះ។ ភ្លើងឆេះព្រៃនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថាទន្ទឹមដែលព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិលបាតុភូតអែលនីញ៉ូ ។បាតុភូតបានបង្កឱ្យអាកាសធាតុមានសភាពក្តៅហួតហែងសីតុណ្ហភាព អតិបរមា ៤០ទៅ៤២ C° អាកាសធាតុក្តៅបែបនេះអាចងាយ និងបង្កឱ្យកើតឡើងជាអគ្គិសភ័យដោយថាហេតុណាមួយ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

图片关键词


ពាក្យសុំចូលជាសមាជិកសមាគម