ព័ត៌មាន

ឆេះអគារក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស្ស នៅទួលសង្កែ អស់ប្រមាណមួយមឺនដុល្លារ

2021-09-27 16:52:30

រាជធានីភ្នំពេញ ៖ អាគារស្នាក់ការក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គ អ៊ិចប្រេស្ស ត្រូវបានអគ្គីភ័យ ឆាបឆេះផ្សែហុយខ្មួលខ្មាញ់អស់រយៈពេលប្រមាណ១ម៉ោង បណ្តាលអោយសម្ភារៈ និងរបស់របរនៅជាន់ទី៣ រងការខូចខាតទាំងស្រុង ដែលគិតជាទឹកប្រាក់អស់ប្រមាណ១ម៉ឺនដុល្លារ ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង២០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គអ៊ិច ប្រេស្ស តាមបណ្តាលផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អគារដែលត្រូវភ្លើងឆេះនោះលេខ ២០២០ ធ្វើពីបេតុង មានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រ ដែលមានអ្នកគ្រប់គ្រងឈ្មោះយ៉ន ទាយាទ ភេទប្រុស អាយុ៤៥ឆ្នាំ ។

តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ ឃើញភ្លើងបានឆាបឆេះផ្សែងហុយខ្មួលខ្មាញ់នៅជាន់ទី៣ បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចនាំគ្ន ហៅរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ ហើយកំណាត់ផ្លូវជាតិលេខ៥ ត្រូវបានបិទ ដោយសមត្ថកិច្ច និងអាជ្ញាធរបានដាក់ពង្រាយកម្លាំង ដើម្បីសម្រួលចរាចរណ៍ អោយរថយន្តពន្លត់អគ្គីភ័យ ទៅអន្តរាគមន៍ ។ ទាក់ទិននឹងករណីខាងលើ គេពុំទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដឡើយ ។

តាមប្រភពពីបុគ្គលិកម្នាក់បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែធ្វើការនៅខាងក្រោម ស្រាប់តែភ្លើងបានឆាបឆេះនៅជាន់ទី៣ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកក្បែរនោះនាំគ្នាស្រែកប្រាប់ ទើបបុគ្គលិកដឹង ដោយនៅជាន់ទី៣លើដំបូលជាកន្លែងទុកសម្ភារៈ និងឯកសារចាស់ មានតែអ្នកធ្វើអនាម័យនោះទេ ដែលចេញចូល ។

តាមប្រភពពីនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍ខាងលើ រថយន្តពន្លត់អគ្គីភ័យចំនួន២២គ្រឿងបានចុះទៅជួយអន្តរាគមន៍ បាញ់ពន្លត់អស់រយៈពេលប្រមាណជាង១ម៉ោង ទើបភ្លើងបានរលត់ទៅវិញ ។ ដោយឡែក មូលហេតុនៃអគ្គីភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងនៅជាន់ទី៣ហើយ ភ្លើងបានឆាបឆេះរបស់របររួមមានឯកសារចាស់យ៉ាងរហ័ស។

តាមប្រភពពីនគរបាលឱ្យដឹងថា សម្ភារៈដែលត្រូវភ្លើងឆេះ រួមមានភួយ ខ្នើយ កំរាល វាំងនន រថយន្ត និងឯកសារមួយចំនួន ដែលគិតជាទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ ។ នៅក្នុងហេតុការណ៍ខាងលើនេះពុំបណ្តាលអោយមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕

image.png