ឯកឧត្តម អ៊ុក គឹមលេខ ជំរុញដល់អ្នកជំនាញឯកទេសស្ថាបត្យករសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យទុកជាមុននូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន
ឯកឧត្តម
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានមានប្រសាសន៍ថា
ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យកើតឡើង
ដែលធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិ
និងជៈឥទ្ធិពលដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ ព្រមទាំងប៉ះពាល់ដល់បរិស្ថាន
សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិ
អ្នកជំនាញឯកទេសស្ថាបត្យករសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់លើការបង្ការ
និងទប់ស្កាត់គ្រោះអគ្គិភ័យទុកជាមុននូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន។
ឯកឧត្តមបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១២
ខែសីហា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “
សុវត្ថិភាពអគ្គិភ័យក្នុងព្រះរាជាណាចក្រកម្ពុជា ” នាទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតមានប្រសាសន៍បន្តថា
ដោយសន្ទុះនៃល្បឿនអភិវឌ្ឍន៍លើគ្រប់វិស័យ
ក្នុងនោះការអភិវឌ្ឍផ្នែកជីវភាពសង្គមកាន់តែរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស
ដោយឡែកវឌ្ឍនភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ស្ថាបត្យកម្ម
អគារមានកម្ពស់ច្រើនជាន់ ជាន់ក្រោមដី បុរី ភូមិគ្រឹះ ផ្សារទំនើប សណ្ឋាគារ
ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនប្រេងឥន្ធនៈ
គ្រឹះស្ថាន គេហដ្ឋានទំនើប។ល។ បានរីកដុះដាលតាំងពីទីក្រុង ទីប្រជុំជន
ដល់ជនបទ។ បន្ថែមលើនោះ តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី មុខទំនិញងាយឆេះ
ងាយផ្ទុះឆេះ ឧស្ម័នចំហេះ និងសារធាតុបំភាយកំដៅផ្សេងៗទៀត
កំពុងដើរតួនាទីបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបន្តថា ដើម្បីបង្ការ និងទប់ស្កាត់អគ្តិភ័កាន់តែមានប្រសិទ្ធភាព
ស្ថាបត្យករសំណង់ទាំងអស់ត្រូវរៀបចំមធ្យោបាយ ឧបករណ៍ សម្ភារសម្រាប់បង្ការ
ពន្លត់ និងសង្រ្គោះ ហើយរៀបចំកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត
មានដូចជាច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ឆ្នាំ២០១៣
អនុក្រឹត្យលេខ ១៣១ ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌ និងវិធានការបង្ការ
និងការពន្លត់អគ្គិភ័យ អនុក្រឹត្យលេខ ៨៧ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់សំណង់
និងគោលដៅ ដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ
ព្រមទាំងប្រកាសចាំបាច់មួយចំនួនទៀត៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា