ព័ត៌មាន

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ឆេះផ្ទះ១ខ្នង និងរោងទុកដាក់ ត្រាក់ទ័រ នៅស្រុកកំរៀង

2021-08-17 12:50:28


(បាត់ដំបង) ៖ អគ្គិភ័យបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យឆេះផ្ទះ១ខ្នង និងរោងសម្រាប់ទុកត្រាក់ទ័រ រួមជាមួយសម្ភារៈមួយចំនួនទៀត។ ហេតុការណ៍ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី៥ ភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យឆេះផ្ទះ១ខ្នង ទំហំ៤ម x ៥មជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី និងឆេះរោងសម្រាប់ដាក់ត្រាក់ទ័រ របស់ម្ចាស់ឈ្មោះ ណាំ កប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ នៅកន្លែងកើតហេតុខាងលើ។

ក្នុងនោះសម្ភារៈខូចខាតរួមមាន៖ ឆេះតុ៣,ឆេះគ្រែ១,សាឡុង៣,ឆេះពាងធំ៣,ពាងតូច២,ឆេះកៅអីត្រាក់ ទ័រ១,ឆេះកង់ត្រាក់ទ័រមួយចំហៀង និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួនទៀត ដែលហេតុការណ៍ខាងលើនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។

សមត្ថកិច្ចបញ្ជាក់បន្តថា ក្រោយកើតហេតុភ្លាមៗនោះ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បានទេ ដោយសារផ្លូវឆ្ងាយ និងតូចចង្អៀត ហើយរថយន្តពន្លត់អគ្គិភ័យ ចូលពុំរួចតែបានពលរដ្ឋជិតខាង ជួយពន្លត់ទើបមិនឲ្យឆេះឆ្លងបន្តទៀតបាន៕ (ដោយ)៖ សៅ សារិទ្ធ

image.png