ព័ត៌មាន

ឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ខណ្ឌដង្កោ ផ្អើលដល់ពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេល

2021-07-12 14:21:34

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មីអស់ចំនួន១តូបទាំងស្រុងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្សារបុរីពិភពថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចេញមកធ្វើអន្តរាគមន៍ជួយយកបំពង់ពន្លត់អគ្គិភ័យនិងទឹកមកបាញ់និងជះពន្លត់យ៉ាងសស្រាក់សស្រាំ ។ 

តាមប្រភពព័ត៌មានពីសន្ដិសុខបុរីពិភពថ្មីខាងលើបានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ ហើយបានក្រឡេកឃើញមានផ្សែងហុយចេញពីក្នុងផ្សារទើបមានការស្រែកផ្អើលឆោឡោដល់អ្នកជិតខាងជាច្រើននាក់ និងកងសន្តិសុខក្នុងបុរីនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងធុងស្ប៉េត្រូដាក់ទឹកមកជះនិងបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ ។ 

ក្នុងករណីអគ្គិភ័យនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខសហការគ្នាពន្លត់ប្រើពេលមិនដល់កន្លះម៉ោងផងក៏រលត់ទៅវិញជាស្ថាពរ ខណៈរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានមកដល់ដែរ តែមិនបានប្រើប្រាស់ឡើយ ។ ចំពោះការខូចខាតវិញគឺត្រូវបានអគ្គិភ័យឆាបឆេះអស់តូបលក់ខោអាវចំនួន០១ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចអំពីមូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

image.png