ព័ត៌មាន

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងឆេះអស់ប្រាក់ថៃ១០ម៉ឺនបាតនិងសម្ភារជាច្រើន

2021-07-12 14:17:05

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ០១ខ្នងឈើលើ ថ្មក្រោមបានក្លាយជាចំណីអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុងបង្កឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមការឲ្យដឹងពីលោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ឲ្យដឹងថា៖ ផ្ទះដែលរងនូវការខូចខាតដោយសារអគ្គិភ័យឆាបឆេះ មានទំហំ៩ម៉ែត្រX៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម មានម្ចាស់ឈ្មោះ ឯក រៀម ភេទ ប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីវ សារួន អាយុ៤៩ ឆ្នាំ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ មុនពេលកើតហេតុម្ចាស់ផ្ទះបានចេញពីផ្ទះទៅរកបេះត្រកួននិងទៅប្រកបរបររកស៊ី នៅសល់តែកូនស្រីម្នាក់មានផ្ទៃពោះ ដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ។លុះដល់ភ្លើងបានឆាបឆេះពេញទំហឹងទើបដឹងនិងស្រែកឲ្យប្រជាពលរដ្ឋអ្នកជិតខាងនិងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ០១គ្រឿងបានចេញជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់០១រថយន្ត រលត់ទាំងស្រុង ។

ចំពោះមូលហេតុបង្ក ឲ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងនៅក្នុងផ្ទះជាន់លើ ។

លោក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ចំពោះការខូចខាតផ្ទះ ខូចខាតអស់៧០% ទ្រព្យសម្បតិ្តនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ និង ឆេះអស់ប្រាក់ថៃចំនួន១០ម៉ឺនបាត តែមិនមានគ្រោះថ្នាក់ដល់មនុស្សនិងឆាបឆេះដល់ផ្ទះអ្នកជិតខាងឡើយ ៕

image.png