ព័ត៌មាន

បុរសម្នាក់សង្ស័យតូចចិត្តដោយសារមានជំងឺប្រចាំកាយដាច់ចិត្តទិញសាំងចាក់ដុតខ្លួនឯងស្លាប់នៅក្នុងផ្ទះបណ្ដាលឲ្យឆេះផ្ទះផ្អើលអ្នកភូមិ

2021-06-30 15:59:44

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា÷ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយនិងមានសតិមិនល្អផងដែរ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះបានសម្រេចចិត្តបញ្ចប់ជីវិតដោយចាក់សាំងដុតខ្លួនឯងនៅក្នុងផ្ទះកម្សត់របស់ខ្លួននៅត្រង់ចំណុចភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងជុំវិញហេតុការណ៍នេះថា ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះគី ឈាន មានប្រពន្ធ និងកូន ១នាក់ នៅក្នុងបន្ទុកគ្រួសារ។ នៅមុនពេលកើតហេតុមួយថ្ងៃជនសតិមិនគ្រប់នេះបាននិយាយប្រាប់អ្នកភូមិថា ប្រពន្ធ និងកូនរបស់ខ្លួនគ្រាន់តែអោយដេកស៊ីសោះក៏យ៉ាប់ដែរចាំមើលយប់នេះគាត់នឹងសម្លាប់ចោលហើយ គ្រាន់តែលឺបែបនេះអ្នកភូមិនោះក៏បានទៅប្រាប់ប្រពន្ធរបស់ជនបង្កឲ្យគេចខ្លួនទៅសម្រាកនៅផ្ទះឪពុកម្តាយបង្កើតសិនក្រែងជួបរឿងមិនល្អ។ ដូចការគិតមែនរហូតដល់វេលាម៉ោងជាង ៦៖០០នាទីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះអ្នកភូមិក្បែរខាងក៏ផ្ទុះការភ្ញាក់ផ្អើលឡើងព្រោះតែធុំឆួលក្លិនសាំង បន្ទាប់មកក៏ពួកគេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងពេញបន្ទុកផ្តើមចេញពីក្នុងផ្ទះគ្រួសាររបស់ជនរងគ្រោះយ៉ាងសន្ធោសន្ធៅតែម្តង។

 ប្រភពដដែលបន្ថែមថា ក្រោយពេលដែលភ្លើងរលត់អស់ទាំងស្រុងហើយសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបានចុះទៅពិនិត្យមើលក៏បានប្រទះឃើញសាកសពឆេះរោលខ្លោចនៅក្នុងកម្ទេចផេះផ្ទះ រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យទៅប្រពន្ធ និងសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

image.png