ព័ត៌មាន

អគ្គិភ័យឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងយ៉ាងសន្ធោសន្ធៅ

2021-02-04 11:45:22

ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

ម្ចាស់ឃ្លាំង និងម្ចាស់ផ្ទះសងខាងដែលរងគ្រោះនៃគ្រោះអគ្គិភ័យខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើមានផ្ទុកដោយក្រណាត់ ជ័រ ដែក ធុងហ្គាស និងសម្ភារៈផ្សេងៗគ្នាជាច្រើន ។ ខណៈមុនពេលកើតហេតុនោះគេសង្គេតឃើញផ្សែងហុយចេញពីក្នុងឃ្លាំងមិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកើតមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ 

ក្នុងរង្វង់ប្រតិបត្តិការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខាងលើនេះ គឺអាជ្ញាធរមានសមត្ថកិច្ចខណ្ឌបឹងកេងកងជាច្រើននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យជាច្រើនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជើងអស់ពីកម្លាំងកាយចិត្ត ។ 

បើគិតត្រឹមម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃដដែល អគ្គិភ័យខាងលើនៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ។ ចំពោះមូលហេតុក៏មិនទាន់បញ្ចាក់បានច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ។ រីឯមនុស្សក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ ៕

image.png