ព័ត៌មាន

ឆេះរោងចក្រតម្បាញខូចខាតសម្ភារជាច្រើនតែមិនទាន់កំណត់ទឹកប្រាក់បាន

2021-02-04 11:18:53

ខេត្តបន្ទាយមានជ័យ៖ រោងចក្ររបស់ជនជាតិថៃមួយកន្លែងដែលទុកចោលត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោងប្រហែល២និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចម្ងាយខាងកើតមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រហែលជា៣០០ម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
នៅក្នុងស្ថានការណ៍នោះគេឃើញមានកងកម្លាំងសមត្ថកិច្ចរួមជាមួយអាជ្ញាធរក្រុងចុះជួយធ្វើអន្តរាគមន់ភ្លាមៗដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន , រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានក្រុងប៉ោតប៉ែតមួយគ្រឿង ប្រើប្រាស់ទឹកអស់៥រថយន្ត, រថយន្តពន្លត់អគ្គិភ័យស្រុកអូរជ្រៅមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត, ក្រុមហ៊ុនត្រូពិកមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត, ក្រុមហ៊ុនស្តាវើល (ផ្កាយប្រាំ)រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួនមួយឡាន , ក្រុមហ៊ុនសេងហាប់ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងប្រើប្រាស់ទឹកចំនួន១រថយន្ត, ស្រុកម៉ាឡៃឡានទឹកមួយគ្រឿង ប្រើប្រាស់ទឹកចំនួន១រថយន្ត, ស្រុកមង្គលបុរីឡានទឹកមួយគ្រឿងប្រើប្រាស់ទឹកចំនួន១រថយន្ត។
សរុបមកក្នុងហេតុការណ៍អគ្គិភ័យនេះប្រើប្រាស់ទឹកអស់សរុចំនួន១៣រថយន្ត ហើយអគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែល។
បើតាមការបំភ្លឺរបស់ឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣៩ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះបង្កឡើងដោយសារ ទុស្សេឆ្នាំងសាកទូរស័ព្ទរួចប៉ះជាមួយកំណាត់ឆាបឆេះតែម្តង។ សមត្ថកិច្ចប្រាប់ថា សម្ភាររងការខូចខាតដោយអគ្គិភ័យរួមមាន ខូចម៉ាស៊ីមដេរប្រហែល៤០គ្រឿង, ម៉ាស៊ីនផុងប្រហែលជាង៣០០គ្រឿង, កង្ហារបញ្ឈរធំប្រហែល៤០គ្រឿង, កំណាត់ប្រហែល២០០ការុង ,ដែកថ្ពក់ខោ អាវប្រហែល៦០កេស, ឧបករណ៏ប្រើប្រាស់និងឯកសារផ្សេងៗជាច្រើនទៀត ប៉ូន្តែមិនមានអ្នករបួស និងបាត់បង់ជីវិតឡើយ ។តែទំហំខូចខាតសរុបទឹកប្រាក់មិនទាន់ដឹងនោះទេ

image.png