ព័ត៌មាន

ឆេះគំនរឈើអុសក្នុងសិប្បកម្មផលិត សាច់ប៉ាតេ មានជ័យ៩៩៩ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍

2021-01-20 10:48:57

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរឈើ ទុកចោលក្នុង បរិវេណសិប្បកម្ម ផលិតប៉ាតេ មានជ័យ៩៩៩ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងបរិវេណ សិប្បកម្ម ផលិតប៉ាតេ មានជ័យ ៩៩៩  ស្ថិតនៅក្នុង ភូមិតាងូវ សង្កាត់និរោធខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ   

បើតាមសម្តីស្ត្រីម្នាក់ដែលជាម្ចាស់ទីតាំង បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ គឺកម្មកររបស់គាត់ បានកាយកម្ទេចផេះ ចេញពីក្នុងឡ កំដៅ  មកចាក់ នៅក្នុងបរិវេណ ដែលមានកម្ទេចឈើទុកចោល ដូចជារៀងរាល់ដង   ដោយមិនបានពន្លត់ រងើកភ្លើងអស់  លុះមកដល់ម៉ោងកើតហេតុ ពួកគាត់កំពុងតែ សម្រាន្តលង់លក់ ក្នុងដំណេក ក៏ស្រាប់តែ មានការឆោឡោ ពីកម្មករដែលស្នាក់នៅទីនោះ ថាមានភ្លើងឆេះ សន្ធោសន្ធៅ នៅចំណុចគំនរឈើ ទើបនាំគ្នាចេញមកក្រៅ និងបានទៅជួយពន្លត់  តែដោយសារភ្លើងឆេះកាន់តែខ្លាំងឡើងៗ  ទើបពួកគាត់បានរាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ច ក៏ដូចជា រថយន្ត បង្ការនិងពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលរាជធានីភ្នំពេញ ចេញអន្តរាគមន៍ចំនួន៥គ្រឿង  ដោយធ្វើការ បាញ់ពន្លត់អស់ទឹកចំនួន៤ រថយន្ដ ទើបធ្វើអោយភ្លើងរលត់ទៅវិញ អស់នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃដដែលវិញ   

ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ច ក៏បានបញ្ជាក់ដែរថា មិនមានផលប៉ះពាល់ទៅដល់ផ្ទះអ្នកដ៍ទៃ ឬរបស់ របរមានតម្លៃនោះទេ  គឺគ្រាន់តែឆេះ គំនរឈើអុសអស់មួយចំនួនតូចតែប៉ុណ្ណោះ ដោយមូលហេតុ គឺបណ្ដាលមកពី កម្មករ យកកម្ទេចផេះ មកចាក់ចោល ដោយមិនបានពន្លត់អោយបានត្រឹមត្រូវ ទើបបង្កអោយមានការរាលដាលឆាបឆេះបែបនេះ ៕

image.png