ព័ត៌មាន

ឆ្លងចរន្តអគ្គិសនីឆេះសម្ភារក្នុងផ្ទះល្វែង ក្បែរវត្តជើងឯក និងជាប់នារីម្នាក់ក្នុងផ្ទះនោះផ្អើលដល់ពលរដ្ឋជួយធ្វើអន្តរាគមន៍ទាន់ពេល

2020-12-02 12:10:29

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានផ្សែងភ្លើងរោលឡើងខ្មៅខ្លួនប្រាណ ខណៈត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងជួយសង្គ្រោះចេញពីក្នុងផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសម្ភារមួយឆាវ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្ទះល្វែងជាប់របងវត្តជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះកើតហេតុខាងលើនេះគឺមានម្ចាស់ផ្ទះជាមន្ត្រីរាជការ ហើយពេលចេញធ្វើការតែងតែទុកក្មួយស្រីម្នាក់នៅផ្ទះ ហើយក្មួយស្រីនោះក៏ចាក់សោទ្វារពីខាងក្នុងផ្ទះផងដែរ។ ខណៈនៅពេលកើតហេតុមានអ្នកជិតខាងបានឃើញមានផ្សែងហុយចេញក្នុងផ្ទះទាំងដែលនារីវ័យក្មេងត្រូវជាក្មួយម្ចាស់ផ្ទះបានស្រែកឲ្យគេឯងជួយផងដែរ ព្រោះភ័យពេករកសោផ្ទះមិនឃើញ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានយកម៉ូទ័រមកកាត់សោទ្វារដើម្បីចូលជួយសង្គ្រោះដល់នារីវ័យក្មេងដែលជាប់ក្នុងផ្ទះកើតហេតុខាងលើបានទាន់ពេល និងបានយកបំពង់ពន្លត់អគ្គិភ័យ ព្រមទាំងតទុយយោទឹកបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។ ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ បានធ្វើឲ្យពូក កង្ហារ និងសម្ភារមួយចំនួនទៀតក្នុងផ្ទះត្រូវបានឆេះ និងរោលឲ្យខូចខាតតិចតួចប៉ុណ្ណោះ ៕

image.png