ព័ត៌មាន

គ្រោះអគ្គិភ័យកើតឡើងទាំងព្រឹកព្រលឹមនៅក្រុងបាត់ដំបង

2020-11-20 16:08:39

ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៧និង០០នាទី មានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅក្នុងលំនៅឋានប្រជាពលរដ្ឋស្ថិតក្នុងក្រុមទី១ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលមានម្ចាស់លំនៅឋានឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ៦៧ឆ្នាំ ។

តាមបទបញ្ជាភ្លាមៗរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ស៊ីន ឃន ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យបានដឹកនាំកម្លាំងចុះបំពេញបេសកកម្មពន្លត់អគ្គិភ័យនេះដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន របស់អធិការដ្ឋាននគរបាលស្រុកសង្កែនិងរថយន្តរបស់ក្រុមហ៊ុនឯកជនផង ដែលរហូតមកដល់ម៉ោង៨និង៣០នាទីព្រឹកដដែលនេះ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង។

ជុំវិញគ្រោះអគ្គិភ័យនេះមិនបានបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែលំនៅឋានទំហំបណ្តោយ១៥ម៉ែត្រនិងទទឹង៨ម៉ែត្ររួមទាំងទ្រព្យសម្បត្តិផងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ។ ជនរងគ្រោះសន្និដ្ឋានដោយខ្លួនឯងថា គ្រោះអគ្គិភ័យដែលកើតឡើងក្នុងលំនៅឋានរបស់គាត់គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គិសនី។

មហាជននៅទីកន្លែងកើតហេតុលើកយោបល់ថា សំណាងហើយបើគ្រោះអគ្គិភ័យនេះមិនមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីសមត្ថកិច្ចជំនាញទេនោះ អគ្គិភ័យនឹងឆ្លងរាលដាលបន្តទៅលំនៅឋានក្បែរនោះ ហើយទីនោះជាទីកន្លែងដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់និងស្តុកហ្គាសនៅក្បែរគ្នា។

លោកឧត្តមសេនីយ៍ត្រី ស៊ីន ឃន បានឃើញទិដ្ឋភាពបែបនេះហើយលោកនឹងពិនិត្យ រួចធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ អនុវត្តនៅពេលបន្ទាប់៕នគវត្ត

image.png