ព័ត៌មាន

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង

2020-11-10 16:10:49

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះមាន៖
ទី១-ឈ្មោះ នួន ផល្លី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ នៅផ្ទះ ។

ទី២-ឈ្មោះ សំ ម៉ាក់ធុល ភេទស្រី អាយុ ៧៩ឆ្នាំ មុខរបរ លក់បាយ។

ទី៣-ឈ្មោះ ខាត់ ហេង ភេទប្រុស អាយុ ៦៦ឆ្នាំ  មុខរបរ លក់បាយ និងកាហ្វេ។
និងម្ចាស់ផ្ទះទី៤-ឈ្មោះ អ៊ីទិត ភេទប្រុស អាយុ ៦៣ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះខាងលើមានចំនួន៤ល្វែងជាប់ៗគ្នា ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបកាហ្វេពេលព្រឹក និងផ្ទះទី៣មានលក់ចាប់ហួយ ផ្ទះទី៤មានលក់នំកង ។

ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់ទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍។

សូមបញ្ជាក់ថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញការិយាល័យពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្ត៖ ចំនួន១៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ក្នុងនោះរួមមាន៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យក្រុមហ៊ុន OCICទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។

ចំពោះផ្ទះចំនួន៤ល្វែងខាងលើគឺរងការខូចខាតទាំងស្រុងតែម្តង សំណាងមិនមានមនុស្សរងរបួស។
ចំពោះមូលហេតុ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី៕នគរវត្ត

image.png