ព័ត៌មាន

ផឹកប៉ះចំស្រាកាចដុតផ្ទះខ្លួនឯងឆេះម៉ត់នៅស្រុកស្វាយជ្រំ

2020-10-14 10:17:07

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីស្រវឹងស្រាជោកជាំហើយខឹងនឹងក្រុមគ្រួសារក៏ដុតផ្ទះខ្លួនឯងឆេះម៉ត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ស្ថិតនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនសង្ស័យដែលដុតផ្ទះខ្លួនឯងនោះមានឈ្មោះប្រាក់ ឆើត  អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិកើតហេតុខាងលើ។
ដោយសារចរិតដ៏ល្ងឹតល្ងង់នេះផ្ទះតៀមមួយខ្នងមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក បានឆេះម៉ត់ទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួន។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបានផឹកស្រាស្រវឹងជោកជាំ ពេលមកដល់ផ្ទះបានរករឿងក្រុមគ្រួសារយ៉ាងខ្លាំង។  បន្ទាប់មកស្រាប់តែជនសង្ស័យបានយកដបសាំងដុតផ្ទះខ្លួនឯងចោលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយជះទឹកពន្លត់ដែរប៉ុន្តែយឺតពេលទៅហើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្វឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕

image.png