ព័ត៌មាន

ទុស្សេខ្សែភ្លើងឆេះយ៉ាងខ្លាំងនៅមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

2020-10-12 10:48:07

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅទល់មុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារករណីទុស្សេខ្សែភ្លើងបានបង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅធ្វើឱ្យដាច់រាយប៉ាយពាសពេញផ្លូវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកើតហេតុបានឲ្យដឹងថា ដំបូងឡើយគាត់ឮសំឡេងផ្ទុះផូងៗ រួចគាត់ក៏ចេញមកមើលស្រាប់តែឃើញមានការឆាបឆេះខ្សែភ្លើងលើដំបូងសាលាអន្តរជាតិ អាស៊ានយ៉ាងខ្លាំង ទើបនាំគ្នាស្រែកឆោឡោមានទាំងសមត្ថកិច្ចជាច្រើនចេញពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅមកមើលនិងរាយការណ៍ទៅភ្នាក់ងារជំនាញខាងពន្លត់អគ្គិភ័យ ព្រមទាំងមន្ត្រីអគ្គីសនីឲ្យជួយបិទកុងតាក់ភ្លើងផងដែរ ដើម្បីងាយស្រួលធ្វើអន្តរាគមន៍បាញ់ពន្លត់ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកងកម្លាំងពន្លត់អគ្គិភ័យបានចេញឡានទឹកចំនួន២គ្រឿងមកដល់ តែដោយសារបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងដល់ផ្ទះរបស់ពួកគាត់ ទើបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យពីក្នុងផ្ទះអ្នកដែលមាន មកធ្វើការបាញ់អស់ចំនួន៤បំពង់ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ៕នគរវត្ត

image.png