ព័ត៌មាន

ទីតាំងប្រេងឥន្ធនៈPTTតាមវិថីទេពផន ដោយការធ្វើតេស្តប្រេងខ្វះការប្រុងប្រយ័ត្ន បង្កជាអណ្ដាតភ្លើង តែយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា

2020-10-12 10:46:27

ភ្នំពេញ ៖ ទីតាំងប្រេងឥន្ធនៈ PTT ស្ថិតនៅតាមវិថីទេពផន ធ្វើតេស្តប្រេង ខុសបច្ចេកទេស បង្កជាអណ្ដាតភ្លើងឆាបឆេះធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តែសំណាងត្រូវបានម្ចាស់គ្រប់គ្រងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យឆេះរាលដាលជាទ្រង់ទ្រាយធំឡើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចប្រេងឥន្ធនៈ PTT ក្បែរមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាលជំនាញបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុទ្ធ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ។ តាមការសាកសួរទៅអ្នកគ្រប់គ្រងនៅទីតាំងស្ថានីយប្រេងឥន្ធនៈ PTTនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងអ្នកពិសោធន៍ប្រេងបានបូមប្រេងដើម្បីធ្វើតេស្ត តែពេលកំពុងបូមប្រេងស្រាប់តែបង្កជាអណ្ដាតភ្លើង ខណៈនោះក៏បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទាន់ពេល មិនបង្កជាគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំឡើយ។

ក្រោយពេលកើតហេតុនគរបាលជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការណែនាំ អប់រំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាង បង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង។

គួរំលឹកផងដែរថា កន្លងមកនេះនគរបាលជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះណែនាំដល់បងប្អូនប្រកបអាជីវកម្មលក់ហ្គាស ទីតាំងប្រេងឥន្ធនៈឱ្យមានការប្រុងប្រយ័ត្ននិងសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធ៕នគរវត្ត

image.pngimage.png