ព័ត៌មាន

លាំងដាក់សម្ភាររបស់លោកឧកញ៉ា សូ ងួន នៅក្រោយក្លិបប្លូរឡាញ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

2021-07-28 16:26:35

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភាររបស់លោកឧកញ៉ា សូ ងួន យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្រោយក្លិបប្លូរឡាញ តាមបណ្តោយផ្លូវលេខ២៧១ ក្រុម១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកឧកញ៉ា សូ ងួន  អាយុ ៥៦ឆ្នាំ ។ ចំពោះមូលហេតុនៃការឆាបឆេះ កំពុងតែធ្វើការស្រាវជ្រាវ។ 

គ្រោះអគ្គិភ័យខាងលើនេះបានបំផ្លាញ ឃ្លាំងសង់ពីថ្មបេតុងប្រក់ស័ង្កសី ដែលមានទំហំ៣០ម៉ែត្រគុណនឹង៨០ម៉ែត្រដែលនៅក្នុងនោះមានស្តុកទំនិញគ្រប់មុខត្រូវបានភ្លើងឆេះអស់ទាំងស្រុង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះសមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១២៦ឡាន ស្មើ៨៤៦ម៉ែត្រគូប ក្នុងនោះមានការចូលរួមពីរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វាចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់២១ឡាន ស្មើ១២៦ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យ៉ាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់២ឡានស្មើ ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើ៣០ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕

image.png