ព័ត៌មាន

អគ្គិភ័យឆាបឆេះអតីតឃ្លាំងលក់និងជួសជុលរថយន្តដ៏ធំមួយកន្លែងក្នុងខណ្ឌ៧មករា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ

2020-11-26 10:18:32

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះអតីតឃ្លាំងលក់និងជួសជុលរថយន្តដ៏ធំមួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ១០៥ ក្នុងភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះគឺជាឃ្លាំងលក់ និងជួសជុលរថយន្តត្រូវបានគេទុកចោលជាយូរមកហើយ ដោយនៅមានសម្ភារសេសសល់ចាស់ៗពុំសូវមានតម្លៃតែប៉ុណ្ណោះ។ ចំណែកប្រព័ន្ធភ្លើងក៏នៅមានប្រើធម្មតាផងដែរ ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅយប់កើតហេតុគេសង្កេតឃើញមានផ្សែងហុយតិចតួចចេញពីក្នុងឃ្លាំង ដោយនឹកស្មានថាគេដុតសំរាម។ តែមួយសន្ទុះធំក្រោយមកក៏មានផ្សែងហុយកាន់តែខ្លាំងធ្វើឲ្យប្រជាពលរដ្ឋចូលទៅមើលស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះឡើងជាខ្លាំង រួចក៏ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារបង្ការ ពន្លត់អគ្គិភ័យឲ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗតែម្ដង ។ 

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម មន្ត្រីសាលាខណ្ឌ៧មករា បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង និងកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយមានកម្លាំងចម្រុះជាច្រើននាក់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជួយបាញ់ទឹកពន្លត់អគ្គិភ័យខាងលើនេះឲ្យរលត់ទៅវិញជាស្ថាពរត្រឹមតែរយៈពេលកន្លះម៉ោង និងប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ។ 

ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើងគឺសមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនី ព្រោះប្រព័ន្ធភ្លើងមានភាពច្របួកច្របល់ជាមួយនិងសម្ភារចាស់ៗងាយឆ្លងឲ្យឆេះ ។ នៅក្នុងករណីនេះមិនបានឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះទេ និងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះដែរ ៕នគរវត្ត

image.png