ព័ត៌មាន

រថយន្តព្រូសបុកបង្កាន់ដៃស្ពានបាក់នៅមុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្រឡាប់ផ្ងារជើងឆេះយ៉ាងសន្ធោសន្ធៅ

2020-11-23 12:34:25

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តToyota Prius ក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ផ្ងារជើងនិងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានបាក់ ត្រង់ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកToyota  Prius មួយគ្រឿងមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ស្ថិតក្នុងអាការៈស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចលើស្ពានដែលជាកន្លែងកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង ។ 

ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅជួយទាញអ្នកបើកបរចេញពីរថយន្តបង្ក ហើយមួយសន្ទុះក្រោយមករថយន្តនេះកើតមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ តែគួរឲ្យសោកស្ដាយបំផុត ព្រោះរថយន្តខាងលើត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រោងឆ្អឹងទៅហើយ បើទោះបីពេលនោះរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកអស់១គ្រឿងរលត់ក៏ដោយ។ចំណែកអ្នកបើកបរដែលរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕ 

image.png