កូនរពឹស ឆេះរោងគុយទាវម៉ែហ្មត់
ខេត្តបន្ទាយមានជ័យ ៖ ក្មេងម្នាក់បូមសាំងដាក់ដប ហើយយកដែកកេះដុតរោលខ្សែនាឡិកាលេង បង្កឆាបឆេះរោងលក់គុយទាវ១ខ្នង អស់គ្មានសល់ និងរបួសធ្ងន់ស្រាលក្មេង៣នាក់។ ហេតុការណ៍នេះ បានកើតឡើងក្នុងភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីសៀលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។
បើតាមលោកវរសេនីយ៍សៅ សារឿន អធិការនៃអធិការដ្ឋាន នគរបាលស្រុកថ្មពួក បានឱ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍ នេះ ទី១-ឈ្មោះយ៉ាន់ លីយ៉ុង ភេទប្រុស អាយុ១១ឆ្នាំ ជាអ្នកកេះដែកកេះ របួសស្រាល។ ទី២-ឈ្មោះយ៉ាន់ លីយ៉េន ភេទប្រុស អាយុ៧ឆ្នាំ ជាអ្នកអង្គុយមើលក្បែរនោះ រងរបួសធ្ងន់ និងទី៣-ឈ្មោះឆាត គឹមឆាយ ភេទស្រី អាយុ៣ឆ្នាំ របួសស្រាល។
លោកអធិការ បានឱ្យដឹងបន្តទៀតថា នៅពេលកើតហេតុនោះ ក្មេងប្រុសម្នាក់ក្នុងចំណោម៣នាក់ ត្រូវជាចៅរបស់ម្ចាស់តូបលក់គុយទាវឈ្មោះដែង ងាម ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានបូមសាំងដាក់ដបធ្វេសប្រហែស ដោយបានយកដែកកេះ កេះដុតរោលខ្សែនាឡិកាលេងក៏បង្កឱ្យឆាបឆេះរោងលក់គុយទាវមួយខ្នងយ៉ាងសន្ធោសន្ធៅ។ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានមកជួយពន្លត់ភ្លើង តែជាង១ម៉ោងក្រោយទើបរលត់ ពុំបង្កឱ្យឆាបឆេះរាលដាលផ្ទះអ្នកក្បែរខាងនោះទេ គឺគ្រាន់តែឆេះអស់រោង និងសម្ភារៈលក់គុយទាវ ព្រមទាំងរបួសធ្ងន់និងស្រាល ក្មេងប្រុសស្រីចំនួន៣នាក់ប៉ុណ្ណោះ៕ នគរធំ